សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៥
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៥។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៤ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្វីត្បិតតែឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានប្រារពព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញ តែបងប្អូនប្រជាពលរដ្ឋអាចសប្បាយរីករាយព្រះរាជពិធីបុណ្យនេះបាននៅតាមបណ្តាខេត្តនានា។
សម្ដេចបន្តថា កម្ពុជាសូមស្វាគមន៍បណ្ដាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីនៅក្នុងឱកាសថ្ងៃឈប់សម្រាក០៣ថ្ងៃនេះ និងសូមជូនពរជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា។
ដោយឡែកសម្ដេចធិបតី ហ៊ុន ម៉ាណែតក៏បានលើកឡើងដែរថា រីករាយថ្ងៃឈប់សម្រាកថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានជូនពរដល់បងប្អូន អ៊ំពូមីង តាយាយរីករាយក្នុងដំណើរកំសាន្តគ្រប់ទិសទីនៃរាជធានី-ខេត្ត និងសូមប្រកបដោយសេចក្តីសុខសុវត្ថិភាពគ្រប់ការធ្វើដំណើរ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥នេះ ប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី៤-៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕






