អាជ្ញាធរចោទ ក្រុមហ៊ុនសាងសង់ផ្លូវ លោក សង ណាគី ពុំបានអនុវត្ត ស្របតាមលក្ខណៈបច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា
ខេត្តកំពង់ធំ៖ គណៈកម្មការគ្រប់គ្រងគម្រោងឃុំបារាយណ៍ ស្រុកបារាយណ៍ “ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំឆ្នាំ២០២៥”គណៈកម្មការគ្រប់គ្រងគម្រោងឃុំបារាយណ៍ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា៖ កាល ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មការគ្រប់គ្រងគម្រោងឃុំបារាយណ៍ ដឹកនាំដោយលោក អៀន ឆេងហ៊ន ជាសមាជិកគណៈកម្មការគ្រប់គ្រងគម្រោងឃុំ លោក ប៉ែន សុវណ្ណនី ដែលជាមន្ត្រីជួយគាំទ្របច្ចេកទេស និងមន្ត្រី រដ្ឋបាលស្រុកបារាយណ៍ បានចុះពិនិត្យជាក់ស្តែងនៅការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ដែលមានប្រវែង៨២២ ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិសំរោង ឃុំបារាយណ៍ ឃើញថាអ្នកទទួលការ គឺលោក សង ណាគី ពុំបានអនុវត្ត ស្របតាមលក្ខណៈបច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា។ ជាមួយគ្នានេះគណៈកម្មការគ្រប់គ្រង គម្រោងឃុំ បារាយណ៍ក៏បានធ្វើកំណត់ហេតុណែនាំអ្នកទទួលការឱ្យអនុវត្តស្របទៅតាមលក្ខខណ្ឌនៃកិច្ចសន្យា ដើម្បីធានាបាន គុណភាព។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម អ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ មេត្តាជ្រាបជា ព័ត៌មាន។
ទាក់ទិនករណីនេះ លោក សង ណាគី អះអាងថា លោកអះអាងថាកន្លងមកក្រុមហ៊ុនណាក៏ចងតែ២តឹកកន្លះនេះឯង បើមិនជឿទេសូមឱ្យទៅកាយមើល គឺសុទ្ធតែពីរកន្លះដូចតែគ្នាហ្នឹងឲ្យតែដែកថ្នាំងអំពៅ។ បញ្ហាទាំងនេះគឺកើតឡើងដោយសារតែការមិនពេញចិត្តតាមការចង់បានរបស់គេនោះឯង។ ចំពោះកិច្ចការងារនេះដំបូងធ្វើទៅតាមការណែនាំ របស់មន្ត្រីខ្លះថា ដែក ១០លីចងបាន២តឹកកន្លះ ហើយបើដែក៨លី ថ្នាំងអំពៅទេចង២ទឹក រួចថាលោកចងដែករង្វើពេក។ ហើយពីមុនដែកថ្នាំងអំពៅឲ្យចង៣តឹក៣ហ៊ុន ប៉ុន្តែឥឡូវបែរជាតម្រូវឲ្យចង២តឹក ទៅវិញ។ ប៉ុន្តែលោកសំណូមពរធ្វើឲ្យបានទាំងអស់គ្នា។ កុំឱ្យខាងនេះអត់ចេះខាងនោះអញ្ចុះ ចំពោះលោកពុំដែលខ្លាចឡើយការអនុវត្តគម្រោងកន្លងមកក៏មិនដែលបានលួចអ្វីបន្តិចសោះឡើយ នេះគេហៅថាតាមគ្នា។
យោងតាមការលើកឡើងរបស់លោកសងណាគី ហាក់បង្ហាញឲ្យឃើញថា ភាពពុករលួយនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំសង្កាត់របស់រាជរដ្ឋាភិបាលនៅតែមាន ។ ទាក់ទិនករណីខាងលើនេះយើងពុំអាចសុំការបំភ្លឺពីលោក ធូ សេង មេឃុំបារាយណ៍បាននោះទេ ដោយទំនាក់ទំនងតាមលេខទូរសព្ទពុំមានការឆ្លើយតប។ ប្រជាពលរដ្ឋសំណូមពរក្រសួងពាក់ព័ន្ធមេត្តាចុះអធិការកិច្ចក្នុងករណីដេញគម្រោងដេញថ្លៃនៅក្នុងរដ្ឋបាលខេត្តកំពង់ធំ ដើម្បីឲ្យដឹងថារាល់ការដេញថ្លៃទាំងនោះប្រកបដោយតម្លាភាព ឬមានការឃុបឃិតគ្នាកេងចំណេញថវិកាជាតិ ក្រោមរូបភាពចាក់ក្រាស់ស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស់។














