អ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងចូលរួម ប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននិងប្រឆាំងព័ត៌មានក្លែងក្លាយ
ខេត្តកំពង់ឆ្នាំង តបតាមការអញ្ជើញរបស់ ប្រធានស្ដីទី មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង អ្នកសារព័ត៌មានជាច្រើនរូប បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍ស្ថានភាព សេរីភាពសារព័ត៌មាននៅកម្ពុជានិងផ្សព្វផ្សាយការចូលរួមយុទ្ធនាការ ប្រឆាំង ព័ត៌មានក្លែងក្លាយ ។ពិធីនេះបានធ្វើឡើងនៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី ២៣ខែតុលា ឆ្នាំ ២០២៥។
លោក ឡេង ធារ៉ា ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍
នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កន្លងទៅ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងធ្លាប់បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយតាំងពីខែ កក្កដាឆ្នាំ ២០២៥ ដោយបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានមិនពិត ក្នុងគោលបំណងអ្វីមួយដែលធ្វើឲ្យមានការយល់ច្រឡំ បង្កឲ្យមានការរើសអើង ជាតិសាសន៍ សង្គម នយោបាយ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្តិសុខ និងគំរាមកំហែងជាដើម ដូចដែលកន្លងមកប្រទេសថៃតែងតែប្រឌិតព័ត៌មានក្លែងក្លាយមកលើកម្ពុជា។
លោក អ៊ុង ដារាច័ន្ទ អនុប្រធានការិយាល័យ ព័ត៌មាននិងសោធទស្សន៍ បានលើកឡើងថា ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ ប្រកប ដោយប្រសិទ្ធភាព យើង.ត្រូវផ្ទៀងផ្ទាត់រកប្រភពឱ្យបានច្បាស់លាស់ និងត្រូវដាក់ការសង្ស័យជាបឋម ដោយផ្អែកលើ 5.Wh ដូចជា ពេលវេលា ទីកន្លែង ហេតុអ្វី នរណា និងដោយសារអ្វី ។ជានិច្ច កាល ត្រូវតែផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ មុននឹងផ្សព្វផ្សាយបន្ត ។
លោក ហឹង ចូច អនុប្រធានមន្ទីរ ព័ត៌មានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ពង្រឹងសមត្ថភាព ដើម្បីព័ត៌មាន មានភាពជាក់លាក់ ។សូមផ្សព្វផ្សាយព័ត៌មានពិតប្រាកដ ជាសវាងព័ត៌មានក្លែងក្លាយ ។ហើយប្រសិនបើផ្សាយព័ត៌មានក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ មន្ទីរព័ត៌មាននឹងបោះត្រាក្រហម លើព័ត៌មានទាំងនោះ ក្នុងគោលបំណងឱ្យព័ត៌មានមានប្រភពច្បាស់លាស់ត្រឹមត្រូវនិងទទួលយកបាន ។សូមកុំឱ្យមានព័ត៌មានដែលអង្គភាពមួយ បានចុះផ្សាយ អង្គភាពមួយទៀតចូលខ្លួនទៅបំភ្លឺ ធ្វើឲ្យបាត់បង់ក្រមសីលធម៌វិជ្ជាជីវៈនិងភាពជឿទុកចិត្ត។ និងស្នើសុំដល់អ្នកយកព័ត៌មានទាំងអស់សូមចូលរួមយកព័ត៌មានសូមស្លៀកពាក់ឲ្យបានសមរម្យ មុនចូលយកព័ត៌មានក្នុងពិធីការធំដុំ ។
ដោយឡែក លោក ឈៀង វណ្ណៈ ប្រធានស្ដីទី មន្ទីរ ព័ត៌មានខេត្តកំពង់ឆ្នាំងបានលើកឡើងថា ច្បាប់ស្ដីពីរបបសារព័ត៌មាន គឺជាការតម្រង់ទិស ដល់អ្នកសារព័ត៌មានឲ្យជាសផុតពីការប្រឈមចំពោះមុខច្បាប់នានា ប្រសិនបើយើងគ្មានវិជ្ជាជីវៈ។ សូមកុំយកគណនេយ្យផ្ទាល់ខ្លួនដែលមិនមែនជាអង្គភាពដែលចេញដោយក្រសួងព័ត៌មាន ទៅវាយប្រហារលើបុគ្គល លើអង្គភាព និងស្ថាប័នផ្សេងៗដែលខុសក្រមសីលធម៌វិជ្ជាជីវៈ ។សូមកុំអ្នកសារព័ត៌មានតូច អ្នកសារព័ត៌មានធំ សំខាន់យើងត្រូវពង្រឹងសមត្ថភាពខ្លួនឯងដើម្បីឲ្យគេទទួលស្គាល់។ ជាចុងក្រោយលោកប្រធានស្ដីទី បានស្នើដល់បណ្ដាអង្គភាពសារព័ត៌មាននានាសូមចុះផ្សាយលើគេហទំព័រឬសារព័ត៌មានរបស់ខ្លួនជាជាងផ្សាយព័ត៌មាននៅលើ បណ្ដាញសង្គមហ្វេសប៊ុក ឬផេកផ្ទាល់ខ្លួន៕








